វិធានការបន្ទាន់ទប់ស្កាត់ ជំងឺរលាកសួតដ៏សាហាវឆ្លងចូលកម្ពុជា, ក្រសួងសុខាភិបាល...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

Loading...
Added by admin
2 Views
វិធានការបន្ទាន់ទប់ស្កាត់ ជំងឺរលាកសួតដ៏សាហាវឆ្លងចូលកម្ពុជា, ក្រសួងសុខាភិបាល បំពាក់ម៉ាស៊ីនស្កេនកំដៅ នៅតាមអាកាសយានដ្ឋាន (Video Inside)

(ភ្នំពេញ)៖ ក្រោយពីផ្ទុះឡើងនូវជំងឺ រលាកសួតមិនស្គាល់អត្ដសញ្ញាណ នៅទីក្រុង វូហាន ខេត្តហ៊ុយបេ ប្រទេសចិន, ជាវិធានការបន្ទាន់មួយសម្រាប់កម្ពុជាដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ, ក្រសួងសុខាភិបាលកម្ពុជា បានដាក់បំពាក់ម៉ាស៊ីនស្កេនកំដៅ នៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា រួមមានភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប។

លើសពីនោះ ក្រសួងសុខាភិបាល បានត្រៀមបន្ទប់ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ដោយត្រៀមសម្ភារ បរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាលផងដែរ។

ជាងនេះទៅទៀត ក្រសួងក៏បានផ្សព្វផ្សាយ ជូនដំណឹងដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលទាំង២៥ រាជធានី-ខេត្ត ឲ្យត្រៀមលក្ខណៈជាស្រេច ក្នុងការឆ្លើយតប និងផ្តល់អន្តរាគមន៍ជាបន្ទាន់ ប្រសិនបើមានករណីសង្ស័យ និងកំពុងពង្រឹងការងារតាមដានជំងឺផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និង បានពិនិត្យវាយតម្លៃរកលំនាំមិនធម្មតានៃជំងឺនេះជានិច្ច។

ទាំងនេះជាបើតាមការលើកឡើង របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

លោកស្រី ឱ វណ្ណឌីន បា នថ្លែងឱ្យដឹងទៀតថា «ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានកំពុងយកចិត្ដទុកដាក់ខ្ពស់ និងតាមដានដោយយកចិត្តទុកដាក់បំផុត នូវស្ថានភាពនៃការកើតមានករណីជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ ក្រោយពីបានទទួលព័ត៌មានពី អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ដែលករណីជំងឺរលាកសួតប្រភេទនេះ ត្រូវបានរកឃើញ និងបានរាយការណ៍ដំបូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួនមានអ្នកជំងឺពីរ-បីនាក់មានរោគសញ្ញាហត់ ហើយថតកាំរស្មីអ៊ិចបង្ហាញថា មានដំបៅសួតសងខាង»។

លទ្ធផលទទួលបានពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ជំងឺដែលកំពុងកើតឡើងនេះ មិនមែនជាជំងឺ SARS ឬជំងឺផ្តាសាយបក្សី ឬជំងឺផ្តាសាយបង្ករដោយវីរុសអាដេណូ (adenovirus) ឬជំងឺ MERS ឬក៏ជំងឺផ្លូវដង្ហើមដទៃទៀតនោះឡើយ។ ការអង្កេតស្រាវជ្រាវដោយមន្ទីរពិសោធន៍ នៃប្រទេសចិន កំពុងបន្តធ្វើទៀត ដើម្បីស្វែងរកអត្តសញ្ញាណ នៃជំងឺរលាកសួតចម្លែកនេះ។

តាមរបាយកការណ៍របស់ អង្គការសុខភាពពិភពលោក ក៏បានបង្ហាញផងដែរថា រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយ បញ្ជាក់ពីការឆ្លងពីមនុស្សទៅមនុស្សនៅឡើយ ហើយក៏មិនទាន់មានការចម្លង ទៅបុគ្គលិកសុខាភិបាលនោះដែរ។ នៅពេលនេះ អ្នកជំនាញកំពុងតែប្រមូលព័ត៌មានអេពីដេមីសាស្រ្ត និងមន្ទីរពិសោធន៍បន្ថែមទៀត ដើម្បីកំណត់រកអត្តសញ្ញាណនៃវីរុស។

សូមជម្រាបថា គិតត្រឹមម៉ោង៨ ព្រឹកនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ខេត្តវូហាន បានរាយការណ៍ថា មានអ្នកជំងឺសរុបចំនួន៥៩នាក់ ដែលមានជំងឺរលាកសួតដោយសារវីរុស ដែលមិនស្គាល់អត្តសញ្ញាណ ក្នុងនោះមាន៧នាក់មានជំងឺធ្ងន់ធ្ងរ ហើយអ្នកជំងឺដទៃទៀត មានស្ថានភាពហ្នឹងនរ។ នាពេលបច្ចុប្បន្ន អ្នកជំងឺទាំងអស់កំពុងទទួលការព្យាបាល ដោយដាក់ឲ្យនៅដាច់ដោយឡែកពីគេ ហើយគ្មានអ្នកស្លាប់ទេ។

ក្នុងចំណោមអ្នកជំងឺ៥៩នាក់ អ្នកជំងឺដំបូងបានចាប់ផ្តើមឈឺ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ និងអ្នកជំងឺចុងក្រោយបង្អស់បានចាប់ផ្តើមឈឺ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។ អ្នកប៉ះពាល់ជាមួយអ្នកជំងឺមាន១៦៣នាក់ ដែលកំពុងតាមដានសម្រាប់ ការសង្កេតផ្នែកវេជ្ជសាស្ត្របន្ត។ ការធ្វើអង្កេតអេពីដេមីសាស្ត្របានបង្ហាញថា អ្នកជំងឺខ្លះជាឈ្មួញកណ្តាល ឬជាអ្នកលក់ផ្ទាល់ (ម្ចាស់ផ្ទាល់) ឬអ្នកបំរើសេវាផ្ទាល់ នៅផ្សារលក់គ្រឿងសមុទ្រហួណាន ដែលជាទីផ្សារលក់គ្រឿងសមុទ្របោះដុំដ៏ធំជាងគេក្នុងខេត្តនេះ ដែលមានតូបលក់គ្រឿងសមុទ្រ ជាង៦០០តូប និងមានអ្នកបំរើការងារចំនួន១៥០០នាក់ មានសត្វព្រៃក៏ត្រូវបានដាក់លក់ នៅផ្នែកខ្លះនៃទីផ្សារនេះដែរ។

បច្ចុប្បន្ននេះក្រសួងសុខាភិបាលកម្ពុជា កំពុងបន្តតាមដានស្ថានភាពនៃជំងឺនេះនៅក្នុងតំបន់ ដោយមានការប្រឹក្សាយ៉ាងជិតសិទ្និ ជាមួយអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ហើយមកទល់នឹងពេលនេះ កម្ពុជាមិនទាន់មានករណីជំងឺបែបនេះ កើតមាននោះទេ។

ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវសូមឲ្យអ្នកធ្វើដំណើរដែលទៅ ឬវិលត្រឡប់មកពីទីក្រុងវ៉ូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយអនុវត្តនូវវិធានការសាមញ្ញៗមួយចំនួន៕

សូមទស្សនាព័ត៌មានលម្អិតមានដូចខាងក្រោមនេះ៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv
Category
ព័ត៌មានថ្មីៗ
Commenting disabled.